កំណត់ចំណាំរបស់អ្នកប្រែសម្រួល៖ ការបកប្រែជាភាសាខ្មែរនេ: ើពាក្យ “ស្រ្តី” និង ” ក្មេងស្រី” ដើម្បីឆ្លុះបញ្ចាំងពីបទពិសោធន៍ដែលសរសេរ ក៏ដូចជាការឆ្លើយតបរបស់អ្នកចូលរួមក្នុងការសិក្សាស្រាវជ្រាវនេះ។ យើងចង់ឱសារទាំងអស់ដែលយើងបានផ្សព្វផ្សាយនេះ មានភាពត្រឹមត្រូវ ដូចទៅនឹងអ្វីដែលបានផ្តល់ឱដោយអ្នកចូលរួម។ ពាក្យទាំងនេះមិនបានជ្រើសរើសមកក្នុងន័យដកចេញបទពិសោធន៍របស់មនុស្ស ឬ កត្តាផ្សេងៗដល់អ្នកមករដូវក្នុងប្រទេសកម្ពុជា ឬ ជុំវិញពិភពលោកនោះទេ ដោយយើងយល់ដឹងថា ពាក្យវដ្តរដូវ មិនមែនផ្តោតលើតែយេនឌ័រណាមួយនោះទេ។ យើងគាំទ្រ សុខភាព និងអនាម័យវដ្តរដូវ គឺជាការចូលរួមដោះស្រាយដោយយើងទាំងអស់គ្នា។.
សេចក្តីផ្តើម
ការសម្រេចបាននូវសុខភាពពេលមករដូវគឺមានសារៈសំខាន់ណាស់សម្រាប់ការទទួលបានសុខភាព និងសុខុមាលភាពល្អ ដែលធានាគុណភាពការអប់រំ និងលើកកម្ពស់សមភាពយេនឌ័រ។ ទោះបីជាវាកំពុងទទួលបានការទទួលស្គាល់បន្តិចម្តងៗនៅលើកម្រិតជាសកលក៏ដោយ តម្រូវការសុខភាព និង អនាម័យពេលមករដូវ (MHH) មិនទាន់ត្រូវបានបំពេញឡើយនៅប្រទេសជាច្រើន។ ជាពិសេស ប្រទេសដែលមានចំណូលកម្រិតទាប និងមធ្យម (LMICs) ភ្មេងស្រីជាច្រើនមិនត្រូវបានគេនិយាយប្រាប់ ឬ រៀបចំមុនពេលមករដូវដំបូងរបស់ពួកគេទេ (Chandra-Mouli & Patel, 2017)។ នៅក្នុងប្រទេសកម្ពុជា ក្មេងស្រី និងស្រ្តីប្រកាន់ភ្ជាប់ជំនឿវប្បធម៌ខ្លាំងអំពីការមករដូវ ដូចជាការជៀសវាងអាហារ និងភេសជ្ជៈមួយចំនួននៅពេលមករដូវ (Sommer et al., 2014)។ ដោយសារតែប្រធានបទនេះមិនត្រូវបានពិភាក្សាដោយបើកចំហនៅផ្ទះ និងគ្រូបង្រៀនខ្វះទំនុកចិត្តក្នុងការបង្រៀនអំពីសុខភាពបន្តពូជ ដូចេ្នះព័ត៌មានទាក់ទងនឹងប្រធានបទនេះកម្រត្រូវបានផ្តល់ឱ្យ (Conolly & Sommer, 2013)។ហេដ្ឋារចនាសម័្ពន្ធការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យ(WASH) នៅសាលារៀនដែលមិនមានបន្ទប់ទឹកគ្រប់គ្រាន់ និងកង្វះខាតភាពឯកជន ដែលនាំឱ្យមានអារម្មណ៍មិនសូវស្រួល និងការជៀសវាងប្រើប្រាស់បន្ទប់ទឹកសាលា (Sommer et al., 2014, Conolly & Sommer, 2013)។ នេះ បណ្តាលឱ្យមានគ្រោះថ្នាក់នៃការមករដូវ ដូចជាការហូរចេញឈាម និងត្រូវបានគេចាត់ទុកថា “គ្មានអនាម័យ” (Daniels et al., 2022)។ ប្រសិនបើតម្រូវការសុខភាព និងអនាម័យពេលមករដូវមិនត្រូវបានបំពេញនោះទេ ក្មេងស្រីជួបប្រទះនឹងការភ័យខ្លាច និងភាពអៀនខ្មាសក្នុងកំឡុងពេលមក រដូវដែលជះឥទ្ធិពលទៅលើជីវិតរបស់ពួកគេ ដោយត្រូវខកខានចូលរួមសកម្មភាពសង្គម កន្លែងផ្លាស់ប្តូរដើម្បីផ្លាស់ប្តូរសំឡីអនាម័យ និងមិនបានទៅសាលារៀន (Daniels et al., 2022)។
ដើម្បីបញ្ចប់បទដ្ឋានសង្គមនៅជុំវិញការមករដូវ និងដើម្បីធានាថាក្មេងស្រី និងស្រ្តីមានអារម្មណ៍. សុវតិ្ថភាព និងផាសុកភាពក្នុងការទទួលបានធនធានអនាម័យនៅពេលមករដូវ វិស័យអប់រំត្រូវតែជាចំណុចផ្តោតអារម្មណ៍ដ៏សំខាន់មួយ។ ជាឧទាហរណ៍ នេះត្រូវបានគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ដោយមានការអនុវត្តកម្មវិធីសិក្សាការអប់រំផ្លូវភេទដ៏ទូលំទូលាយសម្រាប់សិស្សថ្នាក់ទី៥ ដល់ទី ១២ នៅឆ្នាំ២០១៥។ ថ្វីបើមានការខិតខំប្រឹងប្រែងទាំងនោះក៏ដោយ ការអប់រំសុខភាពពេលមករដូវនៅក្នុងប្រទេសកម្ពុជានៅតែមិនទាន់មានការស្រាវជ្រាវច្រើននៅឡើយ។
ការស្រាវជ្រាវនៅប្រទេសកម្ពុជា
ដោយសារការជំរុញនូវតម្រូវការសម្រាប់ការយល់ដឹងស៊ីជម្រៅនៃការអប់រំសុខភាព និងអនាម័យពេលមករដូវនៅប្រទេសកម្ពុជា ពួកយើងបានសម្រេចចិត្តដើម្បីធ្វើការសិក្សាស្រាវជ្រាវបែបគុណវិស័យចំនួន ២។ ពួកយើងមានអារម្មណ៍រំភើបក្នុងការចាប់ផ្តើមដំណើរស្រាវជ្រាវមួយនេះ ដែលរក្សាទុកក្នុងចិត្តនូវគោលជំហររបស់យើងផ្ទាល់ទាក់ទងទៅនឹងសុខភាពពេលមករដូវ និងមានគំនិតបើកចំហដើម្បីសិក្សាអំពីវប្បធម៌ និងតម្លៃរបស់ប្រជាជនខ្មែរ។ គម្រោងទាំងពីរនេះបានផ្តោតទៅលើការងារវិភាគដែលធើ្វឡើងដោយហ្គ្រីនឡេឌីកម្ពុជា (GLC)។ ចាប់តាំងពីឆ្នាំ២០១៩ ហ្រ្គីនឡេឌីកម្ពុជាគឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយដែលបានកំពុងផ្តល់ផលិតផលពេលមករដូវ និងចូលរួមចំណែកដល់ការអប់រំសុខភាព និងអនាម័យពេលមករដូវ ភាគច្រើននៅក្នុងសាលាមធ្យមសិក្សា។
រូបភាពទី១៖ ការដាក់បង្ហាញនូវផលិតផលរបស់ហ្គ្រីនឡេឌីកម្ពុជា រួមមាន សំឡីអនាម័យ សៀវភៅ ‘Season to Blossom- រដូវរីកលូតលាស់’ និងសាប៊ូនៅក្នុងហាងមួយក្នុងទីក្រុងភ្នំពេញ (Credit: Isabell Hedke)
គម្រោងរបស់Isabell (គម្រោងទី១) បានផ្តោតលើការសិក្សាសិក្ខាសាលាអំពីសុខភាព និងអនាម័យពេលមករដូវដែលត្រូវបានសម្របសម្រួលដោយហ្គ្រីនឡេឌីក្នុងកិច្ចសហការជាមួយអង្គការ ការីតាសស្វីសនៅកម្ពុជា (CACH) នៅខែសីហា ឆ្នាំ២០២៣។ អង្គការការីតាសស្វីសនៅកម្ពុជា បច្ចុប្បន្នបានកំពុងអនុវត្តសាលាបៃតងចំនួន ៧៨ នៅខេត្តបន្ទាយមានជ័យ។ វិធីសាស្រ្តនេះគាំទ្រដល់សាលាបឋមសិក្សាក្នុងការក្លាយជាកន្លែងដែលមានការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យ។ សម្ភារៈសាលាបៃតងគឺជាកម្មវិធីសិក្សាមួយដែលយោងតាមគោលដៅនេះ ដែលណែនាំឱ្យគ្រូបង្រៀនក្នុងការអប់រំសិស្ស។សុខភាព និងអនាម័យពេលមករដូវគឺត្រូវបានរួមបញ្ចូលក្នុងប្រធានបទទី៣ ដែលផ្តោតលើ ‘ការលូតលាស់ និងការផ្លាស់ប្តូរ’។ គោលដៅនៃការសិក្សាបែបគុណវិស័យនេះគឺដើម្បីយល់ដឹងអំពីចំណុចខ្លាំង និងខ្សោយក្នុងសកម្មភាពអប់រំនៃអង្គការទាំងពីរដោយវិភាគនូវបរិបទរបស់សិក្ខាសាលា។ ការសម្ភាស៍ពាក់កណ្តាលទម្រង់ចំនួន១២ ត្រូវបានធើ្វឡើងជាមួយបុគ្គលិកអង្កការ និងអ្នកចូលរួមសិក្ខាសាលា រួមមានគ្រូបង្រៀន និងមន្រ្តីផ្នែករដ្ឋបាលរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ផ្តោតលើការយកចិត្តទុកដាក់លើក្រុមអ្នកចូលរួមមួយនេះបានអនុញ្ញាតឱ្យការសិក្សាដើម្បីវិភាគការកំណត់ការបណ្តុះបណ្តាលគ្រូបង្គោល(ToT) ដែលមានសក្តានុពលក្នុងការរួមចំណែកដល់ការផ្លាស់ប្តូរជាប្រព័ន្ធនៃការអប់រំសុខភាពនៅក្នុងសាលារៀន។
គម្រោងរបស់Aikaterini (គម្រោងទី២) មានគោលដៅក្នុងការវាយតម្លៃគំរូនៃការអប់រំសុខភាពពេលមករដូវរបស់ហ្គ្រីនឡេឌីកម្ពុជា ដែលបានប្រើប្រាស់សម្រាប់ក្មេងប្រុស និងក្មេងស្រីដែលសិក្សានៅ Anjali House។ អង្គការក្រៅរដ្ឋាភិបាលមួយនេះផ្តល់នូវការអប់រំទៅកាន់សិស្សវ័យក្មេងតាមរយៈការអភិវឌ្ឍន៍សហគមន៍នៅខេត្តសៀមរាប។តាមរយៈកិច្ចសហការរបស់ពួកគាត់ជាមួយហ្រ្គីនឡេឌីកម្ពុជា និង Green Shoots Foundation ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយផ្តោតលើការលើកកម្ពស់កម្មវិធីអភិវឌ្ឍនៅក្នុងប្រទេសដែលមានចំណូលកម្រិតទាប និងមធ្យមជាច្រើន ពួកគាត់បានផ្តល់នូវសិក្ខាសាលាទាក់ទងទៅនឹងសុខភាពពេលមករដូវទៅកាន់សិស្ស។ ដោយធ្វើការសម្ភាស៍ពាក់កណ្តាលទម្រង់ចំនួនប្រាំពីរជាមួយនឹងបុគ្គលិកសាលា និងគ្រូបង្រៀននៅAnjali House ការយល់ដឹងប្រសើរឡើងនៃឱកាស និងបញ្ហាប្រឈមដែលសិស្សជួបប្រទះនៅពេលសិក្សាអំពីសុខភាពពេលមករដូវត្រូវបានកើនឡើង។រូបទី១ ផ្តល់នូវទិដ្ឋភាពទូទៅមួយនៃទំនាក់ទំនងរវាងអង្គការនៃគម្រោងទាំងពីរ។
រូបទី១៖ ទិដ្ឋភាពទូទៅនៃទំនាក់ទំនងក្នុងគម្រោងទី១ និង ទី២ រវាងហ្រ្គីនឡេឌីកម្ពុជា អង្គការការីតាសស្វីសនៅកម្ពុជា និងAnjali House (Credit: Isabell Hedke)
លទ្ធផលស្រាវជ្រាវលើសុខភាពពេលមករដូវ និងការអបរំអនាម័យនៅក្នុងសាលាបឋមសិក្សា
នៅពេលដែលដាក់គ្រូបង្រៀននៅចំណុចកណ្តាលនៃការអប់រំ និងការលើកកម្ពស់សុខភាព វាពិតជាសំខាន់ក្នុងការហឹ្វកហាត់ពួកគាត់ឱ្យស្របទៅតាមស្ថានភាព។ ទោះបីជាការបណ្តុះបណ្តាលគ្រូបង្គោលអាចមានភាពលំបាក និងត្រូវការធនធានច្រើនក៏ដោយ វាមានប្រយោជន៍ទៅដល់សិស្សជាច្រើន ហើយបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកអប់រំជាអតិបរមា។ គ្រូបង្រៀន និងមន្ត្រីផ្នែករដ្ឋបាលទាំងអស់ដែលមកពីគម្រោងទាំងពីរនេះ បានគូសបញ្ជាក់នូវតម្រូវការសម្រាប់ព័ត៌មាន និងទិសដៅសមស្រប សម្រាប់ពួកគេ មុនពេលដែលពួកគេអាចបង្រៀនសិស្សអំពីសុខភាព និងអនាម័យពេលមករដូវបាន។ គម្រោងទាំងពីរនេះបានបំពេញគ្នាទៅវិញទៅមកក្នុងលទ្ធផលស្រាវជ្រាវថា សិក្ខាសាលា និងការរៀបចំវិធីសាស្រ្តចម្រុះដែលមិនរួមបញ្ចូលការណែនាំបន្ថែមតាមរយៈសៀវភៅ ឬក៏សម្ភារៈសិក្សាដទៃទៀតដែលអាចជាមធ្យោបាយសំខាន់ក្នុងការបណ្តុះបណ្តាលគ្រូបង្គោល។
បញ្ហាប្រឈមដែលបានរកឃើញនៅក្នុងបរិវេណសិក្សាគឺថាមពលនៃការជះឥទិ្ធពលឱ្យគ្នាទៅវិញទៅ មក។ នៅក្នុងគម្រោងទី១ គ្រូបង្រៀនជាស្រ្តី បានចែករំលែកថាពួកគាត់មានអារម្មណ៍មិនស្រណុកខ្លួនក្នុងការសួរសំណួរនៅចំពោះមុខមិត្តរួមការងារជាបុរសរបស់ពួកគាត់នោះទេ។ មន្រ្តីផ្នែករដ្ឋបាលត្រូវបានគេមើលឃើញថាមានអំណាចជាង ដែលជះឥទិ្ធពលដល់ការបើកចំហ និងភាពក្លាហានរបស់. គ្រូបង្រៀនក្នុងការពិភាក្សា។នៅក្នុងគម្រោងទី២ វាត្រូវបានពន្យល់ពីរបៀបនៃការពិភាក្សាពីកង្វល់នៃសុខភាពពេលមករដូវ ឬដោះស្រាយនូវតម្រូវការសម្រាប់សម្ភារៈអនាម័យពេលមករដូវក្នុងផ្ទះសម្បែងគឺត្រូវបានចាត់ទុកថា មិនសមរម្យ និងត្រូវបានជៀសវាងនៅពេលមានវត្តមានបុរសនៅក្បែរ។’ស្រ្តីពេលខ្លះមានភាពខ្មាសអៀន និងអាម៉ាស់មុខនៅពេលដែលឱពុករបស់ពួកគាត់ឃើញថាពួកគាត់ប្រើប្រាស់សំឡីអនាម័យ ជាឧទាហរណ៍៖នៅក្នុងបន្ទប់ទឹក’(Project 2, PA)
ឧទាហរណ៍ទាំងនេះអាចផ្សារភ្ជាប់ទៅក្រមសីលធម៌សម្រាប់ស្រ្តី និងគ្រូបង្រៀន ដែលកំណត់នូវតួនាទីរបស់ពួកគាត់នៅក្នុងសង្គម។ ក្រមសីលធម៌ទាំងពីរនេះត្រូវបានចាក់ឬសនៅក្នុងការរំពឹងទុករបស់សង្គមបិតាធិបតេយ្យ និងសង្គត់ធ្ងន់ថាមនុស្សស្រីម្នាក់មិនគួរនិយាយនៅពេលដែលមិនត្រូវនិយាយនោះទេ (Anderson & Grace, 2018)។ ការយកបទដ្ឋានសង្គម និងយេនឌ័រមកពិចារណានៅពេលនិយាយអំពីសុខភាព និងអនាម័យពេលមករដូវ មានន័យថាចាំបាច់ត្រូវមានដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដែលលើកទឹកចិត្តការផ្លាស់ប្តូរ និងការពិភាក្សារវាងក្រុមផ្សេងៗគ្នា។គម្រោងទាំងពីរនេះបានរំលេចថាហ្រ្គីនឡេឌីកម្ពុជាបានណែនាំសកម្មភាពអប់រំបែបនវានុវត្តន៍ដើម្បីសម្រេចបានគោលដៅនេះ។ ជាឧទាហរណ៍ ប្រអប់សំណួរអនាមិក និងការធើ្វផែនទីរូបរាងកាយបានលើកកម្ពស់កិច្ចសហការ និងការយោគយល់គ្នាទៅវិញទៅមក។ ការរៀបចំសកម្មភាពសិក្សាជាហ្គេម និងការជំរុញទៅមុខបរិយាកាសថ្នាក់រៀនបែបប្រពៃណីក៏បានរួមចំណែកធើ្វឱ្យការអប់រំកាន់តែមានភាពអន្តរកម្ម សម្រេចបាននូវកម្រិតខ្ពស់នៃការចូលរួម និងឆន្ទៈក្នុងការសិក្សារបស់អ្នកចូលរួមទាំងអស់។ ខណៈពេលដែលបញ្ហាប្រឈមដោយសារតែថាមពលនៃការជះឥទិ្ធពលឱ្យគ្នាទៅវិញទៅមកនៅតែមាន វាជាចំណុចសំខាន់មួយក្នុងការជំរុញពួកគាត់ក្នុងការចូលរួមចំណែកដល់ការផ្លាស់ប្តូរជាប្រព័ន្ធ មិនត្រឹមតែទាក់ទងទៅនឹងសុខភាព និងអនាម័យពេលមករដូវប៉ុណ្ណោះទេ ប៉ុន្តែមានលើសពីនេះទៅទៀតផង។
គម្រោងទាំងពីរនេះបានអនុញ្ញាតឱ្យពួកយើងយល់ដឹងពីទស្សនៈរបស់គ្រូបង្រៀនលើអ្វីដែលត្រូវការនៅក្នុងថ្នាក់រៀននៅពេលពិភាក្សាអំពីសុខភាពពេលមករដូវ។ ដើម្បីជំរុញការអប់រំឱ្យកាន់តែប្រសើរឡើង គ្រូបង្រៀននៅក្នុងគម្រោងទី១ បានពន្យល់ថាមានព័ត៌មាន និងសម្ភារៈទាក់ទងនៅក្នុងសៀវភៅ ឬតាំងនៅលើជញ្ជាំងដើម្បីរំលឹកសារឡើងវិញសម្រាប់សិស្សអាចជួយដល់ពួកគាត់បាន។
‘ការព្រីនរូបភាពខ្លះចេញមកបង្ហាញសិស្ស ដូចគ្នាទៅនឹងការថតរូប និងបង្ហាញសិស្សផងដែរ’ (Project 1, P10)
គំនិតមួយនេះបានរំលេចនូវបញ្ហាប្រឈមពីរលើការអប់រំសុខភាព និងអនាម័យពេលមករដូវនៅក្នុងប្រទេសកម្ពុជា។ ចំណុចទី១ ដោយសារតែធនធាននៅមានកំណត់នៅឡើយ ការផ្តល់គ្រូបង្រៀន និងសិស្សនូវព័ត៌មានបន្ថែមគឺមានភាពពិបាកដោយសារតែត្រូវការចំណាយបន្ថែម។ ចំណុចទី២ ខណៈពេលដែលការប្រើប្រាស់ការស្រមើស្រមៃរូបភាព និងរូបភាពសម្រាប់លម្អនៃសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ មានសារៈសំខាន់ ការអភិវឌ្ឍន៍ថ្មីៗដូចជាច្បាប់ថ្មីដែលទាក់ទងទៅនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណែត អាចហាមឃាត់ការពិពណ៌នា និងរូបភាព នៃប្រដាប់បន្តពូជ។ នេះធ្វើឱ្យវាកាន់តែមានសារៈសំខាន់ក្នុងការប្រើប្រាស់វិធីសាស្រ្តបែបច្នៃប្រឌិត ដូចជា សិល្បៈនៃការបត់ក្រដាស់របស់ជប៉ុនជារូបដែលជារបៀបមួយក្នុងការបង្រៀនអំពីប្រដាប់បន្តពូជ។
នៅពេលក្រឡេកមើលភាពខុសគ្នានៃសមត្ថភាពរបស់គ្រូក្នុងការបង្រៀន គ្រូបង្រៀនជាបុរសនៅក្នុងគម្រោងទី១ បានចែករំលែកថាវាមានភាពលំបាកជាងសម្រាប់ពួកគេ ដោយសារតែពួកគេមិនមានបទពិសោធន៍ផ្ទាល់ខ្លួន ឬមាននៅក្នុងកម្រិតកំណត់ណាមួយលើប្រធានបទមួយនេះ។ ទោះជាយ៉ាងណាក៏ដោយ ការគិតថា គ្រូបង្រៀនទាំងពីរភេទ ត្រូវបង្រៀនជាញឹកញាប់ទៅលើគំនិត និងប្រធានបទដែលពួកគេមិនមានបទពិសោធន៍ផ្ទាល់នោះ វាមិនគួរជាហេតុផលមួយសម្រាប់គ្រូបង្រៀនជាបុរសត្រូវដកខ្លួនចេញពីការសិក្សា និងបង្រៀនអំពីសុខភាព និងអនាម័យពេលមករដូវនោះទេ។ ជាការពិតណាស់ គ្រូបង្រៀនជាបុរស បានចែករំលែកថាពួកគាត់មានឆន្ទៈ និងកម្លាំងចិត្តក្នុងការសិក្សា និងចូលរួមបន្ថែមក្នុងប្រធានបទនេះ ដើម្បីអាចជួយសិស្សរបស់ពួកគាត់ក្នុងការគ្រប់គ្រងរដូវរបស់ពួកគេ ប៉ុន្តែប្រហែលត្រូវការធាតុចូលបន្ថែមជាងគ្រូបង្រៀនជាស្រ្តីដើម្បីមានភាពជឿជាក់ក្នុងការធើ្វដូច្នេះ។ ដោយក្រឡេកមើលពីជ្រុងម្ខាងទៀត គម្រោងទី២ បន្ថែមពីលើថា សិស្សប្រុសបានបើកចំហ ហើយបានចូលរួមពិភាក្សាដោយគ្មានភាពអៀនខ្នាស នៅពេលដែលមានវត្តមានគ្រូបង្រៀនជាបុរស។ ដូច្នេះ ការវិនិយោគទៅលើការយល់ដឹងរបស់ពួកគេរួមចំណែកដល់ការអប់រំសុខភាពយេនឌ័រទាំងអស់ និងឆ្ពោះទៅកាន់ការពង្រីកការយល់ឃើញនៃការមករដូវថាវាគ្រាន់តែជា ‘បញ្ហារបស់ស្រ្តី’។ គ្រូបង្រៀន និងសិស្សដែលទទួលបានការអប់រំ ដោយមិនគិតពីភេទរបស់ពួកគាត់ទេ អាចជួយបញ្ចប់នូវវដ្តនៃការបន្តនូវបទដ្ឋាន និងផ្នត់គំនិតបែបមើលងាយទៅកាន់មនុស្សជំនាន់ក្រោយទៀត។
‘គ្រូបង្រៀនទាំងនោះ និងសិស្សខ្លួនឯងផ្ទាល់ ដែលបានទទួលបានការហ្វឹកហាត់ និងការអប់រំនឹងមានការពិភាក្សាជាមួយឱពុកម្តាយរបស់ពួកគេ ដោយយល់ឃើញដូចគ្នា ឬព្យាយាមប្រជែងនឹងអ្វីដែលពួកគាត់យល់ឃើញ និងអ្វីដែលជីដូនជីតារបស់ពួកគេយល់ឃើញផងដែរ’ (Project 1, P6)
នេះរាប់បញ្ចូលទាំងការពុះពារជំនះការយល់ឃើញខុស ដូចជាការគិតថាក្មេងស្រីត្រូវជៀសវាងងូតទឹកអំឡុងពេលមករដូវ ដោយជឿថាឈាមរដូវគឺមានភាពកខ្វក់ និងការបន្តចែករំលែកនូវបទពិសោធន៍ដែលតក់ស្លុត។
អ្វីដែលការស្រាវជ្រាវរបស់យើងរួមចំណែកទៅ
អ្វីដែលពួកយើងបានសិក្សាអំពីគម្រោងស្រាវជ្រាវទាំងពីរនេះគឺថា ការខិតខំប្រឹងប្រែងនៃការអប់រំអាចចាប់ផ្តើមនូវវដ្តមតិកែលម្អដ៏វិជ្ជមានមួយដែលជះឥទិ្ធពលដល់ មិនត្រឹមតែបុគ្គលដែលចូលរួមនៅក្នុងសិក្ខាសាលានោះទេ ប៉ុន្តែទៅកាន់ប្រជាជនទូទៅដោយប្រយោលផងដែរ។ នេះហើយជាហេតុផលដែលការអប់រំសុខភាព និងអនាម័យពេលមករដូវនៅក្នុងសាលារៀន ត្រួសត្រាយផ្លូវសម្រាប់ចំណេះដឹងអន្តរជំនាន់ ដោយគ្រូបង្រៀន និងសិស្សនាពេលបច្ចុប្បន្នអាចបន្តការពិភាក្សានៅផ្ទះបាន។ សហប្រតិបតិ្តការមួយនេះរវាងបុគ្គល សហគមន៍ និងកត្តានៃការអប់រំ តម្រូវឱ្យមានការយកចិត្តទុកដាក់ និងកិច្ចសហការល្អក្នុងចំណោមភាគីពាក់ព័ន្ធផ្សេងៗ។
យើងក៏បានមើលឃើញថាវាចាំបាច់ណាស់ក្នុងការទទួលស្គាល់នូវបញ្ហាប្រឈមដ៏ស្មុគស្មាញដែលជួបប្រទះដោយវិស័យអប់រំរបស់ប្រទេសកម្ពុជា។ ធនធានមានកំណត់កាត់បន្ថយភាពជោគជ័យនៃការខិតខំប្រឹងប្រែង និងចំណុចរំសើបនៃវប្បធម៌ជុំវិញយេនឌ័រ និងរឿងទាក់ទងនឹងផ្លូវភេទជះឥទិ្ធពលពីរបៀបប្រធានបទ និងព័ត៌មានមួយចំនួនត្រូវបានយល់ឃើញ និងផ្តល់ឱ្យ។ ការផ្តោតលើវិធីសាស្រ្តបែបច្នៃប្រឌិតអាចមានសារៈសំខាន់ក្នុងការជំនះបញ្ហាប្រឈមទាំងនេះ។
ដើម្បីសម្រេចបាននូវចំណុចនេះ និងជំរុញឱ្យមានសម្ព័ន្ធភាពកាន់តែរឹងមាំរវាងភាគីពាក់ព័ន្ធ វាអាចមានអត្ថប្រយោជន៍ក្នុងការជំរុញកម្មវិធីសិក្សាការអប់រំផ្លូវភេទដ៏ទូលំទូលាយ។ការស្រាវជ្រាវរបស់យើងបានរកឃើញថា ការទទួលបានការអប់រំសុខភាព និងអនាម័យពេលមករដូវគឺចាំបាច់មុនពេលដែលក្មេងស្រីចាប់ផ្តើមមករដូវ ដែលជាមូលហេតុដែលកម្មវិធីសិក្សាខាងលើមានសក្តានុពលក្នុងការតម្រង់ទិសសាលាបឋមសិក្សាផងដែរ។ដូចគ្នានេះផងដែរ យើងជឿថាការនាំយកគំនិត និងការរៀនសូត្រពីអង្គការក្រៅរដ្ឋាភិបាល ដែលតស៊ូមតិសម្រាប់សុខភាពពេលមករដូវគឺមានសារៈសំខាន់ណាស់។ការយល់ដឹងទាំងនេះអាចទទួលបានមកពីអង្គការក្នុង និងក្រៅស្រុក ដែលអាចផ្តល់នូវគំនិតផ្តួចផ្តើមដែលជំរុញដោយសហគមន៍ ខណៈពេលដែលមិនភ្លេចនូវទស្សនៈរបស់ប្រជាជនក្នុងស្រុក។នេះអាចធានាបាននូវនិរន្តភាព និងលទ្ធភាពនៃការខិតខំប្រឹងប្រែងការអប់រំបច្ចុប្បន្ន។ដោយគិតខ្លួនឯងថាជាអ្នកស្រាវជ្រាវខាងក្រៅ ទោះបីជាយើងអាចបន្ថែមតម្លៃក៏ដោយ យើងក៏ត្រូវចងចាំអំពីសារៈសំខាន់នៃការឆ្លុះបញ្ចាំងខ្លួនឯងយ៉ាងដិតដល់អំពីចំណុចរសើបនៃវប្បធម៌ផងដែរ។
សរុបមក យើងបានសង្កេតឃើញថា ដោយសារតែបទដ្ឋានប្រពៃណីដែលបានចាក់ឬសយ៉ាងជ្រៅ និងបញ្ហាប្រឈមកន្លងមកនៅប្រទេសកម្ពុជា ប្រធានបទនៃសុខភាពពេលមករដូវមិនបានទទួលការចាប់អារម្មណ៍ច្រើនទេនាពេលកន្លងមក។ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលរបៀបនៃការរស់រានមានជីវិត និងអាទិភាពក្នុងការកសាងប្រទេសជាតិឡើងវិញបន្ទាប់ពីរបបខ្មែរក្រហមនៅតែកំណត់អត្តសញ្ញាណរបស់ក្មេងជំនាន់ក្រោយ ការខិតខំប្រឹងប្រែងតស៊ូមតិដើម្បីសុខភាពរបស់ស្រ្តីនៅតែបន្តកើនឡើង។ហ្រ្គីនឡេឌីកម្ពុជាបានអភិវឌ្ឍដោយចាប់ផ្តើមពីការផ្តល់នូវសំឡីអនាម័យដែលអាចបោកបាន រហូតដល់ក្លាយជាអង្គការមួយដែលលើកកម្ពស់សុខភាពពេលមករដូវជាមួយឥទិ្ធពលយ៉ាងទូលំទូលាយ។នេះបង្ហាញឱ្យឃើញថាការព្រួយបារម្ភអំពីសុខភាពរបស់បុគ្គលម្នាក់ៗ ដែលមើលទៅហាក់ដូចជាមិនសំខាន់នៅកម្រិតសង្គម អាចអភិវឌ្ឍទៅជាគោលបំណងមួយដើម្បីដោះស្រាយកង្វល់រួមមួយនេះ។នេះគូសបញ្ជាក់ពីរបៀបដែលយើងមិនត្រូវភ្លេចថា ការខិតខំប្រឹងប្រែងពីបុគ្គលម្នាក់ៗ និងសហគមន៍មានតម្លៃយ៉ាងធំធេងក្នុងការសម្រេចបាន និងទ្រទ្រង់សុខភាពសម្រាប់មនុស្សទាំងអស់គ្នា។
ឯកសារយោង៖
Anderson, E., & Grace, K. (2018, December 29). From Schoolgirls to “Virtuous” Khmer Women: Interrogating Chbab Srey and Gender in Cambodian Education Policy. Studies in Social Justice, 12(2), 215–234. https://doi.org/10.26522/ssj.v12i2.1626
Chandra-Mouli, V. & Patel, S.V. (2017, March 1). Mapping the knowledge and understanding of menarche, menstrual hygiene and menstrual health among adolescent girls in low- and middle- income countries. Reprod Health 14, 30. https://doi.org/10.1186/s12978-017-0293-6
Conolly, S. & Sommer, M. (2013). Cambodian girls’ recommendations for facilitating menstrual hygiene management in school. Journal of Water, Sanitation and Hygiene for Development; 3 (4): 612-622. https://doi.org/10.2166/washdev.2013.168
Daniels, G., MacLeod, M., Cantwell, R. E., Keene, D., & Humprhies, D. (2022). Navigating fear, shyness, and discomfort during menstruation in Cambodia.PLOS global public health, 2(6), e0000405. https://doi.org/10.1371/journal.pgph.0000405
Sommer, M., Hirsch, J. S., Nathanson, C., & Parker, R. G. (2014). Comfortably, Safely, and Without Shame: Defining Menstrual Hygiene Management as a Public Health Issue. American journal of public health, 105(7), 1302–1311. https://doi.org/10.2105/AJPH.2014.302525