Distraction Free Reading

កម្ពុជានៅក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩៖ ទស្សនៈ, ការយល់ឃើញ, និង វិធានការទប់ទល់ទៅនឹង វីរុសកូរ៉ូណា

ការថតសំលេងជាភាសាខ្មែរ:


នៅពេលដែលខ្ញុំបានលើកដៃលា​ដៃគូររបស់ខ្ញុំនៅប្រលានយន្តហោះ​តូរីណូ​​​​ កាសែល​(Torino Caselle)​ នៃផ្នែកខាងជើងនៃប្រទេសអ៊ីតាលីក្នុងថ្ងៃទី១៨​ ខែកុម្ភះ ឆ្នាំ២០២០ ខ្ញុំពុំបានដឹងសោះថានឹងមានអ្វីកើតឡើង – គ្មាននរណាម្នាក់ នឹកស្មានថាមេរោគកូរ៉ូណាដ៏កាចសាហាវមួយនេះ វានឹងរីករាតត្បាតទូទាំងពិភពលោកឆាប់រហ័សយ៉ាងនេះសោះ។ ពេលនោះ នៅមិនទាន់មានការកត់សម្គាល់ជាពិសេសណាមួយដែលបញ្ចាក់ពីជំងឺដ៏គួរឲ្យខ្លាចនោះឡើយ ហើយខ្ញុំវិញក៏កំពុងតែផ្តោតលើផ្នែកឡូជីស្ទីក(Logistic) សម្រាប់ការចុះកម្មសិក្សា​សម្រាប់សញ្ញាប័ត្របណ្ឌិតរបស់ខ្ញុំនៅប្រទេសកម្ពុជាទេ។​ ការស្រាវជ្រាវរបស់ខ្ញុំផ្តោតទៅលើ ការបរិភោគ និង ការប្រើប្រាស់ឪសថរុក្ខជាតិខ្មែរ សម្រាប់មាតុភាព​(Maternity)  ដែលមានបម្រែបម្រួលតាមរដូវកាល របស់ស្រ្តីដែលរស់នៅក្នុងតំបន់ជនបទក្នុងខេត្តសៀមរាប នៃប្រទេសកម្ពុជា។ គោលបំណងនៃការស្រាវជ្រាវរបស់ខ្ញុំគឺ ​កំណត់អត្តសញ្ញាណនៃឪសថរុក្ខជាតិ ដែលត្រូវប្រើប្រាស់ក្នុងដំណាក់កាលផ្សេងៗនៃមាតុភាព​ ក៏ដូចជា វិធីនៃការរៀបចំ ចម្អិន (ឬ  ការផ្សំជាមួយ)​ ម្ហូប និង​ ការយល់ឃើញទៅនឹងផលប៉ះពាល់របស់ឪសថរុក្ខជាតិ សម្រាប់ការព្យាបាលរោគសញ្ញាទាក់ទងនឹងដំណាក់កាលផ្សេងៗរបស់មាតុភាព។ លើសពីនេះ ខ្ញុំក៏មានចំណាប់អារម្មណ៍ទៅនឹងតួនាទីថ្មីៗ និង​ កេរ្តិ៍តំណែលនៃការប្រើប្រាស់ឪសថបុរាណខ្មែរ ក្នុងបរិបទសហគមន៍ជនបទ រួមផ្សំនឹងវិធីនៃការចែករំលែក​ចំណេះដឹងបែបប្រពៃណីមួយនេះ។​ គោលដៅសំខាន់នៃការស្រាវជ្រាវនេះគឺ ដើម្បីផ្ដល់ការគាំទ្រដល់ការងាររុក្ខសាស្រ្តដែលកំពុងប្រតិបត្តិដោយ តិណាល័យជាតិកម្ពុជា​ (National Herbarium of Cambodia) នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រមទាំងការស្រាវជ្រាវទៅលើអាហារូបត្ថម្ភ និងរបបអាហារដោយអង្គការហេឡែន ខេលល័រអន្តរជាតិ (Helen Keller International) ក៏ដូចជាពង្រីកនូវការស្រាវជ្រាវវប្បធម៌ចម្រុះដោយមជ្ឈមណ្ឌលខេមរសិក្សា​(Center for Khmer Studies)​ ក្នុងតួនាទីខ្ញុំជាអ្នកស្រាវជ្រាវជាន់ខ្ពស់មួយរូប។

តាមធម្មតា ខ្ញុំបានធ្វើកិច្ចសម្ភាសន៍ក្នុងភូមិផ្សេងៗនៅខេត្តសៀមរាប។ តែក្នុងអំឡុងសប្តាហ៍ចុងក្រោយនៃខែកុម្ភះនេះ ខ្ញុំបានចាប់ផើ្តមសម្គាល់ឃើញថា មានការផ្លាស់ប្ដូរនៅក្នុងបរិស្ថាន និង​​ មនុស្សជុំវិញខ្លួនខ្ញុំ។​ ក្រុមភ្ងៀវទេសចរធំៗដែលធ្លាប់តែកកកុញនៅតាមផ្លូវដែលខ្ញុំធ្វើដំណើរឆ្ពោះទៅភូមិស្ថិតនៅជុំវិញប្រាសាទអង្គរវត្ត បានកាត់បន្ថយជាខ្លាំង ធ្វើឲ្យអ្នកដែលធ្លាប់តែរវល់នឹងការងារក្នុងវិស័យទេសចរណ៍ ដឹកជញ្ជូន និង បដិសណ្ឋារកិច្ច សល់ម៉ោងទំនេរសម្រាប់ចុចលេងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គេទៅវិញ។ មនុស្សស្ទើរគ្រប់រូបបានពាក់ម៉ាស់មុខ (ប្រភេទប្រើសម្រាប់វេជ្ជសាស្ត្រ ឬ ប្រភេទក្រណាត់) ចំណែកឯសាលារៀនត្រូវបានបិទ និង ​កម្មវិធីសាធារណៈនិងការជួបជុំទាំងឡាយត្រូវបានរំសាយចោល។​ ស្របពេលនេះដែរ ‘’ទីងមោង’’ជាច្រើនប្រភេទ ដែលពេលខ្លះត្រូវបានគេជឿថា​អាចបណ្ដេញជំងឺ បានចាប់ផ្ដើមបង្ហាញខ្លួននៅពីមុខគេហដ្ឋាន និង អាជីវកម្មនានាដោយមានពាក់ម៉ាស់មុខជាច្រើន។

An effigy wearing a brown jacket and shirt, brown hat and facemask.

A Ting Mong, (illness effigy/scarecrow) with mask. Photo by author

មិនយូរប៉ុន្មាន ខ្ញុំក៏បានទទួលអ៊ីម៉ែលមកពីស្ថានទូតសហរដ្ឋអាមេរិក ដោយដាស់តឿនខ្ញុំអំពីលទ្ធភាពនៃការយារយីលើជនបរទេស ពីសំណាក់ប្រជាពលរដ្ឋខ្មែរក្នុងតំបន់ ពីព្រោះគេយល់ឃើញថាជនបរទេសមួយចំនួនជាអ្នកផ្ទុកជំងឺកូវីដ-១៩។ មកដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ នៅប្រទេសកម្ពុជា មាន៩៨នាក់ក្នុងចំនោម១១៩ករណីដែលមានជំងឺកូវីដ-១៩ ត្រូវបានគេរកឃើញថា ជាប់ពាក់ពន័្ធនឹងវិស័យទេសចរណ៍ ឬ ទើបនឹងធ្វើដំណើរមកពីបរទេសនាពេលថ្មីៗ[1]។​ កត្តានេះបានជម្រុញឲ្យមានការមិនពេញចិត្តចំពោះ ជនជាតិបារាំង ឬ ‘’ជនបរទេស’’ ដោយបុគ្គលមួយចំនួន។ ដោយឡែកទោះបីខ្ញុំជាកូនកាត់ខ្មែរក្ដី សារបម្រាមនេះត្រូវបានប្រាប់ជាញឹកញាប់ពីសំណាក់សមាជិកក្រុមស្រាវជ្រាវ និង ពីគ្រូបង្រៀនភាសាខ្មែររបស់ខ្ញុំ​​​។ ហេតុការណ៍ទាំងនេះធ្វើឲ្យខ្ញុំ​បារម្ភអំពីកិច្ចការ​ងារស្រាវជ្រាវរបស់ខ្ញុំ​ ដោយ​សារ​តែ​ខ្ញុំមិនដឹង​ថា​ តើ​អ្នកភូមិនឹង​ទទួល​រាក់​ទាក់​ខ្ញុំដែររឺទេ ព្រោះ​ថា​ខ្ញុំមិនដែលបានស្គាល់ភូមិជនបទដែល​ខ្ញុំនឹងត្រូវ​សម្ភាសន៍ទាំងនោះ​ពីមុនមកទេ។

ក្នុងកាលៈទេសៈដ៏លំបាកនេះ ជីវិតឯកជនរបស់ខ្ញុំត្រូវបានប្រែប្រួល។ តែទោះយ៉ាងណាក៏ដោយខ្ញុំនៅតែបន្តកិច្ចការប្រមូលទិន្នន័យ​ប្រកបដោយការប្រុងប្រយត្ន័បន្ថែម ជាពិសេសគឺនៅពេលសន្ទនា និងនៅពេលសួរសំណួរអំពីជំងឺកូវីដ-១៩។​ ការសម្ភាសន៍ប្រជាជនដែលរស់នៅក្នុងតំបន់ជនបទដាច់ស្រយាលនៅខេត្តសៀមរាបរបស់ខ្ញុំ នៅតែមានដំណើរការទៅមុខ ដោយយកទៅជាមួយនូវសៀវភៅកំណត់ត្រា ប្រដាប់ថតសម្លេង ម៉ាស់​ និង ទឹកលាងដៃសម្លាប់មេរោគជាច្រើន។ ក្រៅពីប្រធានបទនៃការស្រាវជ្រាវ​ ខ្ញុំក៏បានសួរនាំអ្នកភូមិទាំងនោះអំពី ចំណេះដឹងរបស់ពួកគាត់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩​ ថាតើពួកគាត់ដឹងជំងឺនេះដោយរបៀបណា និង វិធីនៃការព្យាបាលអ្វីខ្លះដែលពួកគាត់បានជ្រាប ប្រសិនបើមាន។  ខណៈពេលនេះដែរ ស្ថានទូតសហរដ្ឋអាមេរិក និង​ អ្នកដែលខ្ញុំបានស្គាល់ បានដាស់តឿនខ្ញុំអំពីអសុវត្ថិភាពនៃការចុះកម្មសិក្សានៅពេលនេះ ហើយខ្ញុំក៏បានធ្វើការវាយតំលៃហានិភ័យនៃជំងឺនេះជារៀងរាល់ថ្ងៃ។

យើងត្រូវកត់សម្គាល់ថា នៅប្រទេសកម្ពុជា ការព្យាបាលមានលក្ខណៈជាវេជ្ជសាស្រ្តបែបពហុនិយម ​(Medical Pluralism) មានន័យថា ‘’នៅក្នុងសហគមន៍មួយ អ្នកជំងឹ និងអ្នកដែលមើលថែទាំអ្នកជំងឹ អាចជ្រើសរើសវិធីព្យាបាលផ្សេងៗជាច្រើនប្រភេទ ទោះបីជាការព្យាបាលទាំងអស់នោះពុំមានការពន្យល់ត្រឹមត្រូវក៏ដោយ​’’[2]។ នៅប្រទេសកម្ពុជា ប្រព័ន្ធសុខាភិបាលមាន២ប្រភេទគឺ ប្រភេទជីវឪសថវេជ្ជសាស្រ្តបែបលោកខាងលិច (Western Biomedicine) ក្នុងទម្រង់រចនាសម្ព័ន្ធ​សុខាភិបាលជាសាធារណៈ​​ ដឹកនាំដោយក្រសួងសុខាភិបាល និង​ ប្រភេទឪសថបុរាណខ្មែរ (Traditional Khmer Medicine)។​ ក្រសួងសុខាភិបាលបានរាយការណ៍ថា ចំពោះជំងឺទូទៅ ជនជាតិខ្មែរភាគច្រើនមានការនិយមក្នុងការប្រើប្រាស់សេវាកម្មជីវឪសថវេជ្ជសាស្រ្តបែបឯកជនដូចជា មន្ទីពេទ្យឯកជន គ្លីនិក និង ឱសថស្ថាន ចំណែកប្រជាជនដែលរស់នៅក្នុងតំបន់ជនបទដាច់ស្រយាល ពួកគាត់មួយចំនួនក៏និយមប្រើប្រាស់ឪសថបុរាណខ្មែរ​​ ជាជម្រើសដំបូង ឬ ជាជម្រើសតែមួយដែលមាន។[3] ការសិក្សាភាគច្រើនបានបង្ហាញថា កត្តាដែលធ្វើឲ្យពួកគាត់មានការលំបាកក្នុងការប្រើប្រាស់ឪសថវេជ្ជសាស្រ្ត ភាគច្រើនគឺទាក់ទងទៅនឹង កង្វះថវិការ, កង្វះកន្លែងសម្រាប់ព្យាបាលបែបឪសថវេជ្ជសាស្រ្ត, និង ការភ័យខ្លាចក្នុងការទទួលការព្យាបាលដោយពុំមានគ្រួសារនៅកំដរ ដែលជាករណីទូទៅមួយសម្រាប់ជនដែលរស់នៅក្នុងតំបន់ជនបទ[4]។​ ក្នុងស្ថានភាពដ៏គួរឲ្យបារម្ភមួយនេះ(កូវីដ​-១៩) អ្វីដែលគួរឱ្យចាប់អារម្មណ៍ក្នុងការសិក្សា អំពីប្រជាជនខ្មែរនោះ គឺការមើលថាតើប្រជាជនខ្មែរជ្រើសរើសប្រព័ន្ធសុខាភិបាលមួយណាជាង។

ខណៈពេល​ដែលរោគសញ្ញា និង ជំងឺទាក់ទងទៅនឹងមាតុភាព​មានការព្យាបាលដោយវិធីជាក់លាក់ទាំងថ្នាំវេជ្ជសាស្រ្ត​ និង ថ្នាំបុរាណខ្មែរ យើងឃើញថាជំងឺកូវីដ-១៩​វិញ ពុំទាន់មានការព្យាបាលច្បាស់លាស់ណាមួយឡើយ។ វាបានធ្វើឲ្យប្រជាជនខ្មែរ​ មានការបើកចិត្តក្នុងការទទួលយកការព្យាបាលគ្រប់ប្រភេទ​ មិនថាជាឪសថវេជ្ជសាស្រ្ត ឬ ឪសថបុរាណខ្មែរ។ ផ្នែកមួយដែលជួយដល់ការស្រាវជ្រាវសម្រាប់សញ្ញាប័ត្របណ្ឌិតរបស់ខ្ញុំ គឺការស្វែងយល់អំពីរបៀបដែលបុគ្គលម្នាក់ៗធ្វើការសម្រេចចិត្តក្នុងការជ្រើសរើសរវាងឪសថវេជ្ជសាស្រ្ត ឬ ឪសថបុរាណខ្មែរ​ក្នុងអំឡុងមាតុភាព តែចំពោះជំងឺកូវីដ-១៩នេះវិញ​ វាបានផ្ដល់ឪកាសដល់ខ្ញុំសម្រាប់ការតាមដាន និង យល់ដឹងបន្ថែមអំពីការថ្លឹងថ្លែងរបស់ប្រជាជនខ្មែរទៅលើប្រព័ន្ធសុខាភិបាលទាំងពីរនេះ។

ភូមិដែលខ្ញុំធ្វើកម្មសិក្សា ស្ថិតនៅតំបន់ជនបទជុំវិញទីក្រុងសៀមរាប ដែលស្ថិតនៅទិសពាយព្យនៃខេត្តសៀមរាប ប្រទេសកម្ពុជា​។  សេដ្ឋកិច្ចគ្រួសាររបស់ប្រជាជននៅតំបន់នោះមានគម្លាតខុសគ្នាយ៉ាងខ្លាំង៖ អ្នកភូមិខ្លះត្រូវពឹងផ្អែកទាំងស្រុងទៅលើកសិកម្ម  អ្នកភូមិខ្លះទៀតប្រកបរបររកស៊ីពឹងទៅលើឧស្សាហកម្មទេសចរណ៍ និង បដិសណ្ឋារកិច្ច។ ទោះបីការធ្វើដំណើរពីជនបទទៅទីប្រជុំជនមានភាពងាយស្រួលក្ដី ដើម្បីទទួលការព្យាបាលបែបឪសថវេជ្ជសាស្រ្ត ប្រជាជនត្រូវស៊ូទ្រាំ​ដោយសារតែពេលវេលាដែលត្រូវរង់ចាំ និង លុយកាក់ដែលត្រូវចំណាយ។ ភូមិជាច្រើនស្ថិតនៅម្ដុំឧទ្យាន​ប្រាង្គ​ប្រាសាទបុរាណ​អង្គរ  ដែលត្រូវជាតំបន់អភិរក្សក្រោមការគ្រប់គ្រងរបស់អាជ្ញាធរ​ជាតិអប្សរា ត្រូវបានគេចាត់ទុកថាជាតំបន់ពោរពេញទៅដោយធនធានធម្មជាតិ។​ ក្រុមគ្រួសារប្រមាណ៦៧% នៅក្នុងប្រទេសកម្ពុជានៅតែបន្តស្វែងរក និង ប្រមូល ‘’ផលិតផលធម្មជាតិ’’ សម្រាប់ការប្រើប្រាស់ជាច្រើនមុខ[5] រួមទាំងការប្រើប្រាស់ជាឪសថបុរាណខ្មែរផងដែរ។ ការនៅជិតនឹងឧទ្យានជាតិបានផ្តល់ភាពងាយស្រួលក្នុងការស្វែងរកជនដែលមានចំណេះដឹងនៃការប្រើប្រាស់ឪសថបុរាណខ្មែរ ដោយសារការសម្បូរផលនៃរុក្ខជាតិដែលដុះនៅជុំវិញ ហើយអ្វីដែលសំខាន់នោះគឺតំបន់នេះ មិនសូវឆ្ងាយពីទីក្រុងសៀមរាប និង​ កន្លែងពិសោធន៍ជីវឪសថប៉ុន្មានទេ។ ចំពោះអ្នកដែលអាចប្រើប្រាស់ប្រព័ន្ធសុខាភិបាលបានទាំងពីរ ដែលត្រូវបានសម្ភាសន៍ បានបញ្ចាក់អំពីការប្រើប្រាស់ទាំងឪសថវេជ្ជសាស្រ្ត និង ឪសថបុរាណខ្មែរក្នុងការព្យាបាលកន្លងមក។ ពួកគាត់ជ្រើសរើសវីធីនៃការព្យាបាល តាមរយះការយល់ឃើញថាជំងឺនោះ វា’’ធ្ងន់’’កំរិតណា។ ពួកគាត់បានលើកឡើងទៀតថា ប្រសិនបើជំងឺនោះមានលក្ខណៈធ្ងន់ ពួកគាត់នឹងប្រើឪសថវេជ្ជសាស្រ្ត តែប្រសិនបើជំងឺនោះមានលក្ខណៈខ្សោយ ពួកគាត់នឹងប្រើប្រាស់ឪសថបុរាណខ្មែរ។ ទោះបីជាអ្នកផ្តល់បទសម្ភាសន៍បានលើកឡើងអំពីការប្រើប្រាស់វិធីព្យាបាលតាមប្រព័ន្ធទាំងពីរក៏ដោយ ក្នុងនោះក៏មានការឯកភាពមួយថា មិនអាចមានការលាយថ្នាំទាំង២ប្រភេទនេះក្នុងពេលតែមួយបានទេ។​ ជាធម្មតា បុគ្គលម្នាក់ៗនឹងបរិភោគឪសថវេជ្ជសាស្រ្តមុន រួចបានបរិភោគឪសថបុរាណខ្មែរតាមក្រោយ។

Colorful jars of Khmer Traditional Medicine wine

Khmer Traditional Medicine wine. Photo by author.

អ្នកភូមិដែលត្រូវបានសម្ភាសន៍ទាំងអស់ មិនថា អាយុ ភេទ កម្រិតយល់ដឺង និង ប្រវិត្តរូបសេដ្ឋកិច្ចសង្គម សុទ្ធតែមានចំណេះដឹងទាក់ទង មុខសញ្ញា និង ការចម្លងជំងឺកូវីដ-១៩។ ពួកគាត់ភាគច្រើនបាននិយាយថាពួកគាត់បានទទួលចំណេះដឹង និង ព័ត៍មានថ្មីៗអំពីជំងឺនេះមកពីប្រភពដូចជា ទូរទស្សន៍ ហ្វេសបុក(Facebook) ឬ យូធូប(YouTube)។ ក្នុងនោះផងដែរ​ ក្រសួងសុខាភិបាលបានសង្កត់ធ្ងន់លើគ្រោះថ្នាក់និងល្បឿននៃការរីករាលដាលនៃជំងឺនេះ ក៏ដូចជាផលប៉ះពាល់របស់វានៅជុំវិញពិភពលោក រួមទាំង ការផ្សព្វផ្សាយអំពីសារៈសំខាន់នៃរបៀបលាងដៃដែលមានអនាម័យ បូករួមទាំងការរក្សាគម្លាតពីគ្នា និងការបិទទីតាំងសាធារណៈនិងព្រឹត្តិការណ៏នានាដែលអាចនាំឲ្យមានការជួបជុំខ្នាតធំ។ ប្រសិនបើមានជនណាដែលសង្ស័យថា ខ្លួនបានឆ្លងជំងឺកូវីដ-១៩ ពួកគេត្រូវបានណែនាំឲ្យទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ រួចត្រូវបានដឹកយកទៅមន្ទីពេទ្យបង្អែកស្រុកសម្រាប់ការធ្វើតេស្តបន្ត។

អ្នកភូមិជាច្រើន ជាពិសេសអ្នកដែលមានគ្រួសារជាមួយកូនតូច បានបង្ហាញអំពីការនិយមប្រើប្រាស់ឪសថវេជ្ជសាស្រ្តលោកខាងលិច ជាជាងឪសថបុរាណខ្មែរ ប្រសិនបើពួកគាត់ឆ្លងវីរុសកូរ៉ូណា។ តែក្នុងនោះក៏មានមនុស្សមួយចំនួនដែរ​ ដែលគិតថាឪសថបុរាណខ្មែរអាចកាត់បន្ថយរោគសញ្ញានៃជំងឺនេះ។ អ្នកភូមិម្នាក់ដែលខ្ញុំបានសម្ភាសន៍​ បាននិយាយថា ‘’វីរុសកូរ៉ូណា​គឺជាបន្តុំនៃបញ្ហាដែលយើងដឹងក្នុងការព្យាបាលតាមរយះឪសថបុរាណខ្មែររួចមកហើយ’’។ មានគ្រូឪសថបុរាណខ្មែរម្នាក់បានចេញវេជ្ជបញ្ជា​ដើម្បីព្យាបាលជំងឺកូវីដ-១៩ ជា៣តំណាក់កាល តែគ្រូឪសថបុរាណខ្មែរផ្សេងទៀតបានណែនាំការព្យាបាល និង ការការពារពីជំងឺកូវីដ-១៩​ តាមរយះប្រភេទថ្នាំគ្រាប់ ឬ ប្រភេទដាំជាមួយទឹកដែលមានគ្រឿងផ្សំដូចជា រមៀត ខ្ញី ក្រូចឆ្មារ​ អំបិល និង​ ខ្ទឹមស។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេនោះគឺថា ទោះបីជាវីរុសនេះមានលក្ខណៈថ្មីយ៉ាងណាក៏ដោយ ឪសថបុរាណខ្មែរតែងតែមានមុខងារក្នុងការថែទាំសុខភាព ចំពោះគ្រប់ជនមិនថាពួកគេជាអ្នកដែលនិយមឪសថបុរាណខ្មែរឬក៏អត់។ ទោះបីពួកគាត់ភាគច្រើនមិននិយមក្នុងការប្រើប្រាស់ឪសថបុរាណខ្មែរសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ពួកគាត់នៅតែចាត់ទុកឪសថបុរាណខ្មែរជាជម្រើសមួយក្នុងការព្យាបាល​ ក្នុងអំឡុងពេលដែលឪសថវេជ្ជសាស្រ្តលោកខាងលិច កំពុងទទួលការស្រាវជ្រាវបន្ថែមទៅលើដំណោះស្រាយព្យាបាលបែបវិទ្យាសាស្រ្ត។ នេះវាបង្ហាញពីភាពខុសគ្នាជាខ្លាំងរវាងការយល់ឃើញរបស់អ្នកភូមិ និង អ្វីដែលអ្នកភូមិទាំងនោះអនុវត្តជាក់ស្ដែង ពីព្រោះវាទាក់ទងទៅនឹងការយល់ដឹង​​ និង វិធីព្យាបាលជំងឺកូវីដ-១៩។ មើលទៅជំងឺកូវីដ-១៩ អាចជះឥទ្ធិពលទៅលើប្រតិកម្មរបស់ជនជាតិខ្មែរក្នុងការរក្សាទុកឪសថបុរាណខ្មែរជាជម្រើសមួយក្នុងការព្យាបាល ព្រោះឪសថប្រភេទនេះអាចព្យាបាលមុខសញ្ញានៃជំងឺនេះបាន។​ កត្តានេះអាចបង្កើនទំនុកចិត្តបន្ថែមលើប្រសិទ្ធភាពនៃឪសថបុរាណខ្មែរ។

ជំនាញដែលសំខាន់​ និង ត្រូវមាន ក្នុងការចុះកម្មសិក្សាសម្រាប់អ្នកស្រាវជ្រាវ គឺសមត្ថភាពក្នុងការបត់បែន។​ មុនខ្ញុំមកប្រទេសកម្ពុជា អ្នកត្រួតពិនិត្យការស្រាវជ្រាវរបស់ខ្ញុំម្នាក់ បានដាស់តឿនខ្ញុំអំពីការត្រៀមសម្រាប់ករណីណាដែលខ្ញុំពុំអាចគ្រោងទុកជាមុន។​ ការ​រាតត្បាតរបស់ជំងឺកូវីដ-១៩​ បានក្លាយជាគំរូមួយដែលបង្ហាញអំពីការរាំងស្ទះជាទូទៅនៅក្នុងការស្រាវជ្រាវជាសកល។ ចំណែករូបខ្ញុំ ត្រូវបានជាប់នៅក្នុងតំបន់កម្មសិក្សាដោយពុំដឹងថានឹងបន្តដំណើរទៅមុខដោយរបៀបណា។ តែទោះបីជាជំងឺនេះបានបង្កការរាំងស្ទះដល់ការស្រាវជ្រាវរបស់ខ្ញុំយ៉ាងណាក៏ដោយ ក៏វាបានផ្ដល់ឪកាសដល់ខ្ញុំ ក្នុងការសិក្សាអំពីកាលៈទេសៈថ្មីមូយដែលមិនធ្លាប់មាន​ ទាក់ទងនឹងការប្រើប្រាស់ឪសថវេជ្ជសាស្រ្ត និង ឪសថបុរាណខ្មែរ។ ប្រសិនបើគ្មានវត្តមាននៃជំងឺនេះទេ ខ្ញុំក៏ពុំអាច​ដឹងលឺនៃការបង្កើត និង ការប្រើប្រាស់ឪសថបុរាណខ្មែរ សម្រាប់ព្យាបាល​ជំងឺថ្មីដូចជាកូវីដ-១៩​បានដែរ។ គ្រូឪសថបុរាណខ្មែរម្នាក់ដែលខ្ញុំបានសម្ភាសន៍ បានអត្ថាធិប្បាយថា កូវីដ-១៩ ជា ‘’ជំងឺនៃភាពស្មោគគ្រោក’’ ហើយអាចព្យាបាលតាមរយះការផ្លាស់ប្តូរអាកប្បកិរិយាសាមញ្ញឲ្យមានអនាម័យ រួមផ្សំនឹងការទទួលទានឪសថបុរាណខ្មែរ​ដើម្បីពង្រឹងប្រព័ន្ធការពារក្នុងខ្លួន។​ វិធីព្យាបាលជំងឺកូវីដ-១៩ របស់ឪសថបុរាណខ្មែរ ផ្អែកលើការស្វែងរករោគសញ្ញា រួចព្យាបាលទៅតាមរោគសញ្ញានីមួយៗជាមួយថ្នាំដែលមាន ជាជាងការបង្កើតថ្នាំថ្មីៗ​។ ការព្យាបាលរបៀបនេះធ្វើឲ្យគ្រូឪសថបុរាណខ្មែរ ត្រូវចេះរៀបចំវិជ្ចាព្យាបាលដែលពួកគាត់ដឹង ទៅក្នុងវិធីម៉្យាងទៀតដើម្បីសមស្របទៅនឹងការព្យាបាលជំងឺកូវីដ-១៩។ នេះជាអ្វីដែលធ្វើឲ្យការព្យាបាលរបស់ឪសថបុរាណខ្មែរ​មាន​លក្ខណៈពិសេសមួយដែលគ្រប់គ្នាបានស្គាល់។

ការសង្កេតទៅលើករណីខាងលើទាំងនេះ បានបង្ហាញពីភាពខុសប្លែកពីរបាយការណ៍កន្លងមក ដែលបានបញ្ជាក់ថាការប្រើប្រាស់ឪសថបុរាណខ្មែរមានការធ្លាក់ចុះ​។ ផ្ទុយទៅវិញ ករណីនេះបានបង្ហាញថាការប្រើប្រាស់ឪសថវេជ្ជសាស្រ្ត ឬ ឪសថបុរាណខ្មែរ គឺពឹងផ្អែកទៅលើស្ថានការណ៍របស់ប្រជាជនខ្មែរផ្ទាល់។​

*ការបកប្រែ: សួស្តី នាងខ្ញុំមានឈ្មោះថា លាង ពេជ្រ ដារីណា។ នាងខ្ញុំ មានអាយុ ២២ឆ្នាំ។ សព្វថ្ងៃ នាងខ្ញុំជានិស្សិតឆ្នាំទី ៤ មកពីដេប៉ាតឺម៉ង់ ទេសចរណ៍ និង ដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។*


គន្ថនិទ្ទេស

[1] https://www.khmertimeskh.com/50711253/cambodia-covid-19-case-breakdown-09-april-2020/

[2]   Hsu, E. 2008. “Medical Pluralism.” International Encyclopedia of Public Health, January 316–21. https://doi.org/10.1016/B978-012373960-5.00147-7.

[3]   National Institute of Statistics, Directorate General for Health, and ICF International. 2015. “Cambodia Demographic and Health Survey 2014.” National Institute of Statistics, Directorate General for Health, and ICF International. www.nis.gov.kh.

[4] Matusoka, Sadatoshi, Hirotsugu Aiga, Lon Chan Rasmey, Tung Rathavy, and Akiko Okitsu. 2010. “Perceived Barriers to Utilization of Maternal Health Services in Rural Cambodia.” Health Policy.

[5]   World Food Programme, Cambodia. 2017. “Fill the Nutrient Gap Analysis Cambodia: Rationale and Key Findings.” World Food Programme

1 Comment

  • sophea po says:

    ចាសអរគុណច្រើនសម្រាប់ចំណេះដឹងថ្មីមួយនេះ

Leave a Reply

Your email address will not be published. Required fields are marked *